ឆ្ងល់ទេ ហេតុអ្វីបានជាលេខចុចលើទូរស័ព្ទ និងលើម៉ាស៊ីនគិតលេខបញ្រ្ចាសគ្នាចឹង?

12:57 AM
សព្វថ្ងៃបច្ចេកវិទ្យាទំនើបមែនទែន ដែលអ្នកអាចធ្វើអ្វីៗបានសឹងទាំងអស់តាមរយៈទូរស័ព្ទរបស់អ្នក។ ក្នុងនោះ សូម្បីតែម៉ាស៊ីនគិតលេខ ក៏ទូរស័ព្ទកំពុងតែបំពេញមុខងារជំនួសម៉ាស៊ីនគិតលេខទៅហើយ។ ប៉ុន្តែសម្រាប់អ្នកដែលធ្លាប់ប្រើប្រាស់ម៉ាស៊ីនគិតលេខ ទាំងជាម៉ាស៊ីនផ្ទាល់ ឬនៅក្នុងទូរស័ព្ទ តើអ្នកដែលកត់សម្គាល់ថាទម្រង់លេខចុចមានភាពខុសគ្នា និងបញ្រ្ចាស់គ្នាទៅវិញ?
ខាងក្រោមនេះ ជាហេតុផលដែលវាមានភាពខុសគ្នាដូចនេះ បើទោះជាមានមុខងារដូចគ្នាក៏ដោយ៖



វាចាប់ផ្តើមតាំងពីសម័យដែលមិនទាន់មានម៉ាស៊ីនគិតលេខសម្រាប់ប្រើប្រាស់នៅឡើយ គឺមានតែម៉ាស៊ីនសម្រាប់ដាក់លុយ ដែលជំនាន់នោះ គឺគេរៀបចំក្តារចុចដោយដាក់លេខ 0 នៅក្រោមគេ ហើយលេខបន្តបន្ទាប់គ្នាពីក្រោមឡើងទៅលើ ដោយសារលេខ 0 ជាលេខដែលគេត្រូវការប្រើប្រាស់ញឹកញាប់ជាងគេ ដូចនេះទើបគេដាក់វានៅត្រូវដៃរបស់អ្នកចុចជាងគេ។ ហើយរយៈពេលក្រោយមក នៅពេលដែលម៉ាស៊ីនគិតលេខ ត្រូវបានគេបង្កើតមក គេក៏ប្រើនូវទម្រង់ដូចគ្នាទៅនឹងម៉ាស៊ីនសម្រាប់ចុះឈ្មោះលុយផងដែរ។


ក្រោយមកទៀត នៅពេលដែលម៉ាស៊ីនគិតលេខ ដែលកាន់ដៃត្រូវបានគេបង្កើតទៀតនោះ គេក៏នៅតែប្រើនៅទម្រង់ចុចដូចគ្នាដោយយកលេខ 0 នៅខាងក្រោម ហើយដាក់លេខបន្តបន្ទាប់ពីក្រោមទៅលើ។

នៅក្នុងកំឡុងមុនទស្សវត្សទី ១៩៦០ នៅពេលដែលទូរស័ព្ទកំពុងស្ថិតក្នុងដំណាក់កាលវិវត្តន៏នោះ គេបានបង្កើតនៅប្រព័ន្ធចុចលេខដែលមានលក្ខណៈខុសទាំងស្រុងពីប្រព័ន្ធចុចរបស់ម៉ាស៊ីនគិតលេខ ដែលវាហៅថា Rotary Dials ដែលមានលេខទាំងអស់តម្រៀបគ្នាជារង្វង់ ហើយអ្នកប្រើប្រាស់អាចដាក់ដៃទៅក្នុងប្រហោងនៃលេខនីមួយៗ ហើយបង្វិលដើម្បីប្រើប្រាស់បាន។



ប៉ុន្តែបន្ទាប់ពីនោះមក គេចាប់ផ្តើមធ្វើការសិក្សាទៅលើវិធីចុចថ្មី ដែលអាចឱ្យអ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួលក្នុងការចុចលេខផ្សេងៗ។ អ្នកវិទ្យាសាស្រ្តនៅ Bell Laboratories បានព្យាយាមបង្កើតនូវប្រព័ន្ធថ្មីផ្សេងទៀតពីប្រព័ន្ធ Rotary Dials ដែលមានភាពស្មុគស្មាញ ដែលប្រព័ន្ធថ្មីនោះមានឈ្មោះថា Touch Tone។


ប៉ុន្តែបញ្ហាមួយដែលគេត្រូវព្យាយាមស្វែងរកចម្លើយនោះគឺ តើគេគួរដាក់លេខណា នៅកន្លែងណា។ បន្ទាប់ពីបានធ្វើការស្រង់មតិ និងពិសោធន៏ពីអ្នកប្រើប្រាស់សាកល្បងជាច្រើនមក គេក៏រកឃើញថាផ្ទាំងចុចដែលមានលក្ខណៈផ្តុំលេខគ្នា បី ៗ ក្នុងជួរនីមួយៗ ដែលមាន ៤​ ជួរ ជាផ្ទាំងដែលអ្នកសាកល្បងងាយប្រើប្រាស់ ងាយចំណាំ និងមានការ Error ក្នុងការប្រើប្រាស់តិចជាងគេ។

ហេតុនេះហើយបានជា ប្រព័ន្ធចុចដូចដែលអ្នកបានឃើញលើទូរស័ព្ទរបស់អ្នកត្រូវបានគេបន្តប្រើមកដល់សព្វថ្ងៃ។ បើទោះជាវាមិនមានដើមកំណើតចេញពីប្រព័ន្ធចុចរបស់ម៉ាស៊ីនគិតលេខក៏ដោយ ក៏វាមានឥទ្ធិពល និងមានរូបរាងប្រហាក់ប្រហែលសឹងតែទាំងស្រុងទៅហើយ៕

ប្រភព៖ anarchak.com

Share this

Related Posts

Previous
Next Post »