អាថ៌កំបាំងនៃការចូលឆ្នាំខ្មែរ និង វិទ្យាសាស្ត្រ

2:05 AM
ការចូលឆ្នាំរបស់ជនជាតិខ្មែរក៏ដូចការចូលឆ្នាំរបស់ជនជាតិឯទៀតក្នុងលោកជាប់ទាក់ទងយ៉ាងជិតសិ្នទ្ធនឹងប្រវត្តិសាស្ត្រនិងតារាសាស្ត្រ។ យើងនឹងលើកយកចំណុចមួយចំនួនតូចប៉ុណ្ណោះមកពិចារណា។

តាមគម្ពីរ «សូរ្យសិទ្ធាន្ត» របស់ឥណ្ឌា, តែងនៅសតវត្សរ៍ទី១១, ចក្រវាឡដែលយើងកំពុងរស់នៅនេះស្ថិតក្នុងពេលវេលាដ៏វែងមួយដែលគេហៅ «មហាយុគ» ត្រូវនឹង៤លាន៣សែន២ម៉ឺនឆ្នាំមនុស្ស។ មហាយុគចែកជា៤ពេលវេលាធំៗគឺ យុគមាស («ក្រឹតយុគ» ឬ «សត្យយុគ»), យុគប្រាក់ («ត្រេតាយុគ»), «ទ្វាបរយុគ» និង «កលិយុគ»។ សព្វថ្ងៃ មនុស្សរស់នៅក្នុងកលិយុគ ដែលចាប់ផ្តើមកាលពីឆ្នាំ៣,១០២មុនគ្រិស្តសករាជ។ មកទល់គ្រិស្តសករាជ២០១៥ កលិយុគកន្លងទៅ៥,១១៦ឆ្នាំហើយ។



ការកំណត់ឆ្នាំរបស់មនុស្សបុរាណគឺយកផែនដីជាចំណុចកណ្តាលនៃចក្រវាឡ។ នៅលើផែនដី គេសង្កេតដំណើរព្រះចន្ទ (ចន្ទគតិ) ទៅក្នុងតារានិករឬកញ្ចុំផ្កាយ (constellation) នានាដែលនៅលើមេឃ។ ឥណ្ឌាបានចែកលម្ហមេឃជាចម្រៀករង្វង់ចំនួន២៧ចម្រៀក ដោយយកផែនដីជាចំណុចកណ្តាលនៃរង្វង់។ ចម្រៀករង្វង់នីមួយៗមានទំហំ១៣អង្សា២០នាទី។ គួរយល់ថា ក្នុង១រង្វង់មាន៣៦០អង្សា។ ចម្រៀកនីមួយៗនោះ គេហៅថា «រាសី»។

 តាម Astronomie cambodgienne[តារាសាស្ត្រខ្មែរ] របស់លោក F. G. Farautបោះពុម្ពឆ្នាំ១៩១០, ផែនដីនៅស្ងៀម ឥតចលនា, ព្រះអាទិត្យនិងព្រះចន្ទចរតាមគន្លងរបស់ខ្លួន។

នៅសតវត្សរ៍ទី២ តារាវិទូអេហ្ស៊ីប ដើមកំណើតក្រិក លោក Ptolemy ក៏ចាត់ទុកផែនដីជាចំណុចកណ្តាលនៃចក្រវាឡដូចតារាសាស្ត្រខ្មែរដែរ។ លោកបានចែកផ្កាយនានាជា៤៨តារានិករ។ ហោរា ដូង បានចែកផ្កាយជា៦៥តារានិករ។ លោក F. G. Faraut នេះបានសិក្សាផ្នែកតារាសាស្ត្រនេះពីអ្នកប្រាជ្ញខ្មែរឈ្មោះ ដូង នេះ។ នាពេលបច្ចុប្បន្ន សហភាពតារាសាស្ត្រអន្តរជាតិ (International Astronomical Union) បានរកឃើញតារានិករចំនួន៨៨។

សៀវភៅ Astronomie cambodgienne បញ្ជាក់ថា រាសីចក្រខ្មែរមាន៣៦៩អង្សា ដោយក្នុងមួយរាសីមាន៣០អង្សា។

នៅខែណាដែលព្រះចន្ទចរចូលរាសីណាមួយ គេហៅខែនោះទៅតាមរាសីនោះ។ កញ្ចុំផ្កាយរបស់ឥណ្ឌាមាន២៧ ។ បណ្តាកញ្ចុំផ្កាយទាំង២៧, កញ្ចុំផ្កាយ១២ត្រូវគេជ្រើសយកមកតាំងជាខែទាំង១២នៃចន្ទគតិ៖ ១. កត្តិក ២. មិគសិរ ៤. បុស្យ ៥. មាឃ ៦. ផល្គុណ ៧. ចេត្រ ៨. វិសាខ ៩. ជេស្ឋ ១០. បូវ៌ាសាធ ១១. ស្រាពណ៍ ១២. អស្សុជ។ ក្នុង On Ancient Hindu Astronomy and Chronology, 1862 លោក Max Muller បានបញ្ជាក់ថា ឈ្មោះខែទាំង១២នៃចន្ទគតិរបស់ឥណ្ឌានេះអាចចាប់មានឡើងកាលពីសតវត្សរ៍ទី១២មុនគ្រិស្តសករាជ។ ខែចេត្រជាខែទីមួយនៃចន្ទគតិ ចំណែកខែទីមួយរបស់សូរ្យគតិត្រូវនឹងខែមីនាឬមេសា។

តាមសៀវភៅ «ព្រះរាជពិធីទ្វាទសមាស» ភាគទី១, បោះពុម្ពឆ្នាំ១៩៦៧, ក្រុមអ្នកនិពន្ធបានបញ្ជាក់ថា ប្រទេសកម្ពុជាសម័យក្រុងនគរធំទៅក្រោយប្រើចន្ទគតិនិងកំណត់យកខែមិគសិរជាខែទី១។ ប៉ុន្តែ យើងសង្កេតឃើញមានការបញ្ជាក់ក្នុងសិលាចារឹកសតវត្សរ៍ទី១១ថា សង្ក្រាន្ត (ថ្ងៃចូលឆ្នាំ) សិ្ថតក្នុងខែកត្តិក «ក្ឫតិកាឫក្ឞសង្ក្រាន្ត»។ នាពេលបច្ចុប្បន្ន ជនជាតិខ្មែរប្រើខែចន្ទគតិផងខែសុរិយគតិផង ហើយ ចូលឆ្នាំខែចេត្រ៕

ប្រភព ៖ realitycambodia

Share this

Related Posts

Previous
Next Post »