ខ្មោចព្រាយប្រភេទនេះគឺ សុទ្ធតែជាព្រាយមនុស្សស្រី ហើយត្រូវបានចាត់ទុកថា ជាខ្មោចព្រាយដែលគួរឱ្យភ័យខ្លាចជាទីបំផុត ជាខ្មោចព្រាយដែលស្លាប់បាត់បង់ជីវិតដោយសារការកើតកូន ឬរំលូតកូន។ល។ នៅក្នុងការបង្កើតកូន ឬភាសាគួរសមហៅថា “ឆ្លងទន្លេ” នោះ យើងបានដឹងច្បាស់គ្រប់គ្នាហើយថា វាឈឺចុកចាប់ពើតផ្សាប៉ុនណា ហើយបើក្នុងករណីដែលម្ដាយបង្កើតទារកចេញមកហើយស្លាប់បាត់បង់ជីវិត ឬក៏ស្លាប់មុនពេលឆ្លងទន្លេនោះគឺមានន័យថា ស្លាប់ទាំងម្ដាយទាំងកូន យើងហៅខ្មោចប្រភេទនេះថា “ព្រាយក្រឡាភ្លើង។
ជាខ្មោចព្រាយដែលមានលក្ខណ:គួរឱ្យខ្លាចញញើត និងគួរឱ្យអាណិតសង្វេគខ្លាំងណាស់ ។ អាចចាត់ទុកក្នុងពពួកខ្មោចព្រាយដែលមិនសូវជាមានគ្រោះថ្នាក់ប៉ុន្មានឡើយ ចូលចិត្តអណ្តែតខ្លួនទៅតាមទីកន្លែងផ្សេងៗ ហើយច្រើនបង្ហាញខ្លួនឱ្យមនុស្សឃើញនៅតាមទីស្ងាត់ៗ ។
នៅពេលបង្ហាញខ្លួនម្ដងៗ ច្រើនតែមានបីទារកតូចមួយនៅក្នុងរង្វង់ដៃ ឯមូលហេតុនៃការបង្ហាញខ្លួននេះ គឺមិនមែនជាការលងបន្លាចឱ្យមនុស្សម្នាភ័យខ្លាចនោះទេ តែជាការចេញមកសុំទាន សុំពែ និងចំណីអាហារទៅវិញទេ។ គឺជាព្រលឹងវិញ្ញាណដែលនៅអណ្ដែតវិលវល់មិនទាន់ដល់ពេលវេលាទៅចាប់ជាតិជាថ្មីម្ដងទៀត ព្រោះនៅអាណិតកូន និងមិនទាន់អស់កម្ម …។ ព្រាយក្រឡាភ្លើង ភាគច្រើនអត់ឃ្លាន ហេវហត់ ពីព្រោះញាតិមិត្តបងប្អូនមិនបានធ្វើបុណ្យដាក់ទានទៅឱ្យ។ យើងច្រើនឃើញថា ការធ្វើបុណ្យបង្សុកូល ដាក់ទានឧទ្ទិសកុសលទៅឱ្យអ្នកស្លាប់ហ្នឹង គេនិយមធ្វើតែម្ដងម្កាល ដូចជាក្នុងពេលសូត្របុណ្យសព ឬធ្វើបុណ្យគំរប់៧ថ្ងៃ និងគំរប់១០០ថ្ងៃជាដើមប៉ុណ្ណោះ។
ផុតពីនោះមកច្រើនតែមិនសូវបានធ្វើបុណ្យដាក់បាត្រឧទ្ទិសកុសលឱ្យទៅអ្នកស្លាប់ទៀតឡើយ ដោយសារតែហេតុនេះឯងទើបព្រលឹងវិញ្ញាណដែលនៅមិនទាន់បានទៅចាប់ជាតិទាំងនោះមានក្ដីស្រេកឃ្លាន ហេវហត់ អត់ទាន ត្រូវចេញមកអណ្ដែតវិលវល់សុំទាន សុំពែស៊ីជារឿយៗ តាមរយៈការបង្ហាញខ្លួនឱ្យមនុស្សឃើញនៅក្នុងរូបបែបផ្សេងៗ ដូចជា : នៅពេលរាត្រីស្ងាត់ បើសិនជាបានឃើញស្ត្រីម្នាក់អង្គុយយោលអង្រឹងបំពេរកូននៅក្នុងទីកន្លែងណាដែលស្ងាត់ ឬនៅលើចុងឈើដែលស៊ុបទ្រុបនោះ សូមជឿទៅចុះថា ហ្នឹងឯងគឺព្រាយក្រឡាភ្លើងដែលមកសុំទាន ឬសុំពែស៊ីយ៉ាងពិតប្រាកដ ។
អ្នកដែលបានឃើញ បើសិនជាមនុស្សដែលមានស្មារតីតិច ចិត្តខ្សោយមិនក្លាហាន ឬក៏ជាអ្នកដែលខ្លាចខ្មោចស្រាប់ផងនោះ ច្បាស់ជារត់ផាស់ក្រញ៉ាំ បាតជើងសព្រាតមិនខាន តែបើសម្រាប់អ្នកដែលមិនខ្លាច ហើយចេះតាំងស្មារតីវិញនោះ គេនឹងភាវនានៅក្នុងចិត្តថា សុំកុំមកលងបន្លាចរំខានអ្នកស្រុកអ្នកភូមិធ្វើអី ចាំគេធ្វើបុណ្យដាក់ទាន ឧទ្ទិសកុសលទៅឱ្យ អ្នកនោះនឹងមិនត្រូវខ្មោចព្រាយក្រឡាភ្លើងតាមលងបន្លាច ឬរំខានទៀតឡើយ តែត្រូវតែធ្វើតាមពាក្យសំដីរបស់ខ្លួនដែលបានភាវនានោះ និងបើមិនធ្វើតាមពាក្យសំដីភាវនារបស់ខ្លួនវិញនោះ ព្រាយក្រឡាភ្លើងនឹងក្ដៅក្រហាយខឹងក្រេវក្រោធយ៉ាងខ្លាំង ហើយនឹងចេញមកតាមលងបន្លាច ព្រមទាំងសម្ដែងមហិទ្ធិឫទ្ធិយ៉ាងកាចសាហាវឱ្យឃើញទៀតផងដែលអាចមិនត្រឹមតែអង្គុយយោលអង្រឹងបំពេរកូនប៉ុណ្ណោះទេ តែអាចឃើញឈរបីកូនដែលកំបុតក្បាលបើកហើយភ្នែកធំគ្រលួងសម្លឹងមកយ៉ាងគុំកួនទៀតផង៕
ប្រភព៖
tknews.me
Share this
EmoticonEmoticon